ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

ខេត្ត​កំពត​​មាន​ប្រជាប្រិយ​ដោយសារ​គោលដៅ​ទេសចរណ៍​ល្បី​មួយ​ចំនួន​ដូចជា ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ ​ទឹកឈូ ​កំពង់ត្រាច ​អគារ​ចំណាស់​សម័យ​បារាំង​ជា​ដើម។ ​​ដោយ​ឡែក ​​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ទើប​ត្រូវ​បង្កើត​ឡើង​ប្រហែល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​គឺ​រមណីយដ្ឋាន​ថ្ម​តា​ដា​សច្ចំ​បាន​ទាញ​ទេសចរ​ទាំង​ខ្មែរ ​និង​បរទេស​ទៅ​កម្សាន្ត​ឥត​ដាច់​ដោយសារ​​​​​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ​និង​​ទេសភាព​ជួរ​ភ្នំ​ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​តាម​ផ្លូវ​ឡើង​ទៅ​កាន់​ទី​នោះ។
 ​​
បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ​អ្នក​នឹង​ចំណាយ​ពេល​ប្រហែល ​៣០ ​នាទី​ ​ឬ​លើស​​នេះ​បន្តិចបន្តួច។ ​ទៅ​ហួស​​រមណីយដ្ឋាន​ទឹកឈូ​ប្រហែល ​៥ ​គីឡូម៉ែត្រ​អ្នក​នឹង​ឃើញ​ផ្លូវ​បត់​ចូល​រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្ម​តាដា​​​សច្ចំ ​ដោយ​ត្រូវ​ចំណាយ​ពេល​ឡើង​ទៅ​ប្រហែល ​១៥ ​ទៅ​ ២០ ​នាទី​ទៀត។ ​ស្ថានភាព​ផ្លូវ​​​​មិន​ជា​ស្រួល​ តែ​ក៏​មិន​ពិបាក​ខ្លាំង​ព្រោះ​ទើប​ឈូស​​ឆាយ​ធ្វើ​ថ្មីៗ​ដែល​​រថយន្ត​ និង​ម៉ូតូ​អាច​ឡើង​ទៅ​ដល់។ ​​រថយន្ត​​ទាបៗ​អាច​ពិបាក​ឡើង​បន្តិច​ព្រោះ​អាច​មាន​ជង្ហុក ​និង​ផ្លូវ​មិន​ស្មើ​ដោយ​អន្លើ។​ ចំណុច​ដែល​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ​ទៀត​​គឺ​​ ស្ថានភាព​ផ្លូវ​អាច​រអិល​ដោយ​កន្លែង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ដូច្នេះ​គួរ​ជ្រើសរើស​ពេល​វេលា​ដែល​មិន​មាន​ភ្លៀង​ឡើង​ទៅ​កម្សាន្ត​ជា​ការ​ល្អ។​

តាំង​ពី​ផ្លូវ​​ចូល​ទៅ​អ្នក​​នឹង​​ឮ​សំឡេង​ទឹក​ហូរ​​តាម​ប្រឡាយ​ក្បែរ​ផ្លូវ​ឥត​ដាច់​​នាំ​​​​​អារម្មណ៍​​​ឲ្យ​​​នឹក​ដល់​​ទឹកធ្លាក់​ដែល​ត្រូវ​ទៅ​លេង​តាំង​តែ​ពី​ច្រក​ចូល​រួច​ទៅ​ហើយ។ ​​ពេល​ឡើង​ទៅ​ដល់​អ្នក​ត្រូវ​បង់​ថ្លៃ​ចូល​កម្សាន្ត​​​​​គឺ​សម្រាប់​ជនបរទេស​ (៣ដុល្លារ) ​​ទេសចរ​ក្នុង​ស្រុក ​(៣ពាន់​រៀល) ​ម៉ូតូ (១ពាន់​រៀល) ​រថយន្ត​ទេសចរណ៍ (៥ពាន់​រៀល) ​រថយន្ត​ធុន​ធំ​ (១ម៉ឺន​រៀល) ​និង​អ្នក​ចង់​ថត​រូប​អាពាហ៍ពិពាហ៍ ​(៥ម៉ឺន​រៀល)។ ​

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods