ទឹកជ្រោះ ៩ ជាន់នៅ​ខេត្ត​កំពត​

ពតៈ នាពាក់​កណ្តាល​រដូវវស្សា​ ទឹកភ្លៀង​ដ៏​សម្បូរ​ជន់ជោរ​នៅ​តំបន់ភ្នំ ជួយ​បន្ថែមទឹក​នៅ «​រមណីយ​ដ្ឋានទេសចរណ៍​ធម្មជាតិ​ទឹកជ្រោះ ៩ ជាន់​»​ ស្ថិត​នៅ​ក្នុង​ដែនដី​នៃ​ព្រំប្រទល់​ខេត្តពីរ​គឺ​កំពង់ស្ពឺ និង​កំពត ឲ្យ​កាន់​តែ​មាន​សម្រស់ធម្មជាតិ​​ដ៏ស្រស់​​ស្អាត​មួយ​កម្រិតទៀត ខណៈនៅ​រដូវ​ប្រាំង​មាន​ទឹកហូរ​តិចៗប៉ុណ្ណោះ។

ភ្ញៀវទេសចរ​ទាំង​ខ្មែរ និង​បរទេស​ពិតជា​បានធូរស្បើយអារម្មណ៍​ជាមិនខាន​នាពេល​ទៅដល់ និងបាន​ចុះដើរ​កម្សាន្ត ហើយ​​ងូតទឹក​ដ៏​ត្រជាក់​ស្រេងនោះ។ ​ស្ថិត​នៅ​ភូមិ​អន្លង់ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​ ខេត្ត​កំពត ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ រមណីយ​​ដ្ឋានទេសចរណ៍​ធម្មជាតិ​ទឹកជ្រោះ ៩ ជាន់​ ​ជា​តំបន់​កម្សាន្តទេស​ចរណ៍​បែបធម្មជាតិ​មួយ​មាន​ទឹក​ធ្លាក់​ច្រើន​ជាន់ដំណាក់​ ​អម​ដោយ​បណ្តុំ​ទេសភាព​រុក្ខជាតិ​តូច​ធំ​ច្រូង​ច្រាង​ចោល​ម្លប់ត្រឈឹង​ត្រឈៃ​ ខ្យល់​អាកាស​បរិសុទ្ធ។​

ឆ្ពោះទៅ​កាន់​តំបន់រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ទឹកជ្រោះ ៩ ជាន់​នេះ​ លោក​អ្នក​ចេញ​ដំណើរពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ ៤ ដល់​ត្រង់​ចំណុច​នៃ​ចន្លោះ​គីឡូម៉ែត្រ ៩៩ និង ១០០ បត់​ឆ្វេង​តាមខ្លោងទ្វារ​ចូល​មានឈ្មោះ​ថា​តំបន់​តេជោអភិវឌ្ឍន៍ ឬ​តំបន់​យោធិន​ទឹកដីតាកែនកោះ​ស្លា ចូល​ទៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូមួយ​អន្លើ​ និង​ផ្លូវ​ក្រាល​ក្រួសក្រហម​មួយ​អន្លើ​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រប៉ុណ្ណោះ ឬ​ជិះតាម​សញ្ញា​បង្ហាញ​ឈ្មោះ​តំបន់​រមណី​យដ្ឋានចូល​ទៅ​ប្រមាណជា ១៥ នាទី​ ទៅ ២០ នាទី​នឹង​បានទៅ​ដល់​ហើយ។

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods