ទិដ្ឋភាព​កោះ​ប៉ែន​ខេត្តកំពង់ចាម ពេល​សុរិយា​ជិត​អស្តង្គត

កំពង់ចាម​៖ ឆ្លងកាត់​ស្ពាន​ឫស្សី​ដ៏​វែង​អន្លាយ អ្នកដំណើរ​នឹង​ទៅដល់​កោះ​ប៉ែន ដែល​ស្ថិតនៅ​ជិត​ពាក់កណ្តាល​ទន្លេមេគង្គ​។ កោះ​នេះ មាន​ឆ្នេរ​ខ្សាច់​ធំ​ល្មម និង​មាន​រៀបចំ​ជា​រោង​ប្រក់​ស្បូវ កន្លែង​អង្គុយ​កំសាន្ត ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្រូបយក​ខ្ស​ល់​អាកាស​ដ៏​បរិសុទ្ធ និង គយគន់​ទេសភាព​ទន្លេ ព្រមទាំង​ទស្សនា​ស្ពាន​គី​ស្ស៊ូ​ណា​ផងដែរ​។ លើសពីនេះ នៅពេល​សុរិយា​រៀប​អស្តង្គត ធ្វើ​ឲ្យ​កោះ​ប៉ែន​ដ៏​ល្បី​ល្បាយ​មួយ​នេះ កាន់​តែមាន​ទេសភាព​ស្អាត​មួយកម្រិត​ទៀត​។ 

អ្វីដែល​ខ្ញុំ​ស្ញើចសរសើរ​នោះគឺ សំណង់ស្ពាននេះត្រូវ​បាន​សង់ឡើង​អំពីឫស្សី​ទាំង​ស្រុង ហើយ​នៅ​ពេល​ធ្វើ​ដំណើរឆ្លងកាត់ សំឡេង​សន្ធឹក​ស្នូរ​ឫស្សី​សង្គៀត​គ្នា បាន​លាន់​ឮលប់​ទៅ​លើ​សំឡេង​ម៉ូតូ​ទៅ​ទៀត។ ជា​ចំងល់​របស់​ខ្ញុំ​គឺថា ប្រសិន​បើ​ស្ពាននេះ​បាក់ ធ្វើ​អោយ​ធ្លាក់​ឡាន​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​​ទន្លេ​ភ្លុង​ទៅ… តើ​ម្ចាស់​ស្ពាន​​ទទួល​ខុស​ត្រូវ​យ៉ាង​ម៉េច​ដែរ?… ឬ​មួយ​ក៏​សុំ​រួច​ខ្លួន ដូច​ពួក​ផ្ញើ​ឡាន-ម៉ូតូ​នៅ​ស្រុក​អំពេញ​ដែរ​ឬយ៉ាង​ណា?… ហេតុ​នេះ ខ្ញុំ​ថា​យក​ល្អ នៅ​លើ​ស្លាក​ប្រកាស​​ឯ​គល់​ស្ពាន, ម្ចាស់​ស្ពាន​នេះ​​​​គួរ​តែ​សរសេរ​បញ្ជាក់​ថែម​ទៀត​ដាក់ថា៖«បើ​ធ្លាក់ម៉ូតូ និង​រថយន្ត​ចូល​ទៅ​ក្នុង​ទឹកទន្លេ យើង​ខ្ញុំ​មិន​ទទួល​ខុស​​ត្រូវ​​ឡើយ…» អាហ្នឹង​បាន​ច្បាស់…​។​

សំរាប់​ខ្ញុំ ពេល​ឈរ​នៅ​​លើស្ពានឫស្សីកោះប៉ែន ហើយ​​ក្រ​ឡេក​​មើល​ទៅ​​ស្ពាន​បេតុង គីហ្សូណា ដែល​សណ្តូក​ខ្លួន​ទៅ​រក​​ច្រាំង​ទន្លេបិទ ​គឺ​ហាក់​​ដូច​​ជាខ្ញុំ​កំពុង​តែ​សំឡឹង​មើល​​​​ទៅ​យុគ​សម័យ​​ដ៏​​​ទំនើប​​ជឿន​លឿន​មួយ… ហើយ​ពេល​ដែល​ខ្ញុំ​មើល​​មកស្ពានឫស្សី​ដែល​កំពុង​សណ្តូក​ខ្លួន​ លូន​​​​ទៅ​រក​ឆ្នេរ​​​កោះប៉ែន​​ កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ​​នេះ​វិញ គឺខ្ញុំ​​ហាក់​ដូច​ជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​យុគ​ថ្ម​រំលីង​ យ៉ាង​ម៉េច​មិន​ដឹង​ទេ។

Comments

Popular posts from this blog

សារមន្ទីខ្មែរ

ព្រះបាទសូរ្យវរ្ម័នទី២ អ្នកកសាងអង្គរវត្ត

Kep - Sea Foods